ជីវិត​ប្រុស​លក់ខ្លួន​កណ្តាល​ក្រុងភ្នុំពេញ ម៉ូយ​ភាគច្រើន​ម៉េ​ម៉ា​យ​មានទ្រព្យ​ស្តុកស្តម

កាលពី​មុនគេ​ពុំដែល​បាន​ស្គាល់ ឬ បានដឹង​ច្បាស់​ថា​មាន​បុរស​ប្រកប​របរ​រកស៊ី​លក់ខ្លួន​នោះទេ គ្រាន់តែ​ឮ​ហើយ និយាយ​តៗ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រាកដ​ជាមាន​បុរស​ប្រកប​របរ​រកស៊ី​លក់ខ្លួន​ពិតមែន គ្រាន់តែ​ក្រុម​នេះ​មិន​ចេញមុខ​ដូចជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​នោះទេ ។ បុរស​ដែល​ប្រកប​របរ​រកស៊ី​លក់ខ្លួន​នោះ​ភាគច្រើន​គឺមាន​វ័យ​ចន្លោះ​ពី ១៩ ឆ្នាំ ទៅ​ជាង ៣០ ឆ្នាំ ដែលមាន​រូបរាង​ស្អាត​សង្ហា ហើយ​ពួកគេ​មិនបាន​ប្រមូល​ផ្តុំគ្នា​ជា​ក្រុមៗ​នោះទេ ក្នុងចំណោម​ពួកគេ​មាន​អ្នកខ្លះ​ជា​និស្សិត​កំពុង​សិក្សា​នៅតាម​មហាវិទ្យាល័យ ។​
​ការរកស៊ី​លក់ខ្លួន​របស់​ពួកគេ​គឺ​ដើម្បី​តែ​ការសប្បាយ និង រកប្រាក់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នៃ​ការសិក្សា​របស់​ពួកគេ ប៉ុន្តែ​មាន​អ្នកខ្លះ​ប្រកប​របរ​រកស៊ី​លក់ខ្លួន​ដោយសារតែ​មិនមាន​ការងារ​ធ្វើ​។ “​ប្រជាប្រិយ​” បាន​ជួប​បុរស​ប្រកប​របរ​រកស៊ី​លក់ខ្លួន​ម្នាក់ ដែល​បុរស​រូបនោះ​គ្រាន់តែ​ប្រាប់​ឈ្មោះ​ហៅ​ក្រៅ​របស់គេ​ថា “​ប៊ុនធឿន​” ដែល​ក្រុម​បុរស​ប្រកប​របរ​រកស៊ី​លក់ខ្លួន​ដទៃទៀត បានចាត់ទុក ប៊ុនធឿន ថា​ជា​កំពូល​បុរស​លក់ខ្លួន ព្រោះ​រូបគេ​មាន​ស្គាល់​មេ​បណ្តាញ្ញ និង ម៉ូយ​របស់គេ​ជាច្រើន ។​

​ប៊ុនធឿន ជា​កូនចៅ​អ្នក​ខេត្តព្រៃវែង ចូលដល់​ឆ្នាំនេះ​គេ​មាន​វ័យ ២៧ ឆ្នាំ មាន​បងប្អូន​ចំនួន ៧ នាក់ ប៊ុនធឿន ជា​កូន​ទី ៤ ក្នុង​គ្រួសារ​កសិករ​មួយ។ ​​អ្វីដែល​ធ្វើ​ឱ្យគេ​មានការ​ចាប់អារម្មណ៍​នោះ​គឺ​មុន​ពេលដែល ប៊ុន ធឿន មក​ប្រកប​របរ​រកស៊ី​លក់ខ្លួន​នេះ ប៊ុនធឿន ធ្លាប់បាន​បួស​ជា​ព្រះសង្ឃ រយៈពេល​ជាង ៧ ព្រះវស្សា​ដែរ ។​

​ពេល​ជួប​ជាមួយ “​ប្រជាប្រិយ​” ប៊ុនធឿន បាន​រៀបរាប់​ដោយ​មិន​លាក់លៀម​ថា ដោយសារតែ​រូបគេ​ជា​កូនកំព្រា​ដែល ឪពុកម្តាយ​បាន​ស្លាប់ចោល​តាំងពី​នៅ​តូ​ចមក​នោះ ធ្វើ​ឲ្យ​ជីវិត​ក្នុង​ការសិក្សា ចំណេះ​ទូទៅ​របស់គេ​ត្រូវបាន​បញ្ចប់​ត្រឹមតែ​ថ្នាក់​ទី ៦ ប៉ុណ្ណោះ ។ ដោយសារតែ​ចង់​សិក្សា​បន្ត គេ​បាន​សាង​ផ្នួស​ជា​សង្ឃ​តាំងពី​អាយុ ១៧ ឆ្នាំ ។​

​បន្ទាប់ពី​បាន​បួស​ជា​ព្រះសង្ឃ​ហើយ​ភ្លាម​មិនយូរប៉ុន្មាន នេន ប៊ុនធឿន ក៏បាន​និមន្ត​មក បន្ត​ការសិក្សា​ខាង​ផ្នែក​ភាសាបាលី ដោយ​ស្នាក់​នៅក្នុង​វត្ត​មួយនា​ទីក្រុង ភ្នំពេញ ។ បន្ទាប់ពី​បួស​ជា​ព្រះសង្ឃ​អស់​រយៈពេល​ជាង​ប្រាំពីរ​វស្សា ដោយ​អស់​និស្ស័យ​ក្នុងការ​សាង​ព្រះ​ផ្នួស​ផង​នោះ ព្រះសង្ឃ ប៊ុនធឿន ក៏បាន​លាចាក​សិក្ខាបទ​មកជា​គ្រហស្ថ​វិញ្ញ​នៅក្នុង​ឆ្នាំ​២០០៨​។ ក្រោយពី​លាចាក​សិក្ខាបទ​មក ប៊ុនធឿន បាន​ស្វះ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ មិនយូរប៉ុន្មាន ប៊ុនធឿន បាន​ទៅធ្វើជា​កម្មករ​នៅក្នុង​រោងចក្រ​មួយ ដោយ​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​នោះ​មិនបាន​ប៉ុន្មាន​ខែ​ផង គេ​ក៏​ប្តូរ​ការងារ​មក​ធ្វើជា​សន្តិសុខ​ឲ្យ​ក្រុមហ៊ុន​មួយ​។​

​ដោយ​ធ្វើ​ការងារ​ខាង​ផ្នែក​សន្តិសុខ​នេះ​ពិបាក​ពេក ហើយ​ប្រាក់ខែ​ក៏​តិច​ទៀត​នៅ​ឆ្នាំ​២០០៩ ប៊ុនធឿន បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ ដោយ​ទៅធ្វើ​ការងារ​ជា​កម្មករ​ដាំដំឡូង​កាប់​ឈើ និង ចុងក្រោយ​ទៅធ្វើជា​កម្មករ​ក្នុង​រោងចក្រ​ផ្លែឈើ​មួយ​ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ។​

​ធ្វើជា​កម្មករ​ស៊ីឈ្នួល​គេ​នៅ​ទីនោះ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ នៅ​ចុងឆ្នាំ ២០១១ ប៊ុនធឿន ក៏បាន​វិលត្រឡប់​មករក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​។ ពេលមកដល់​ប្រទេស​កម្ពុជា​ភ្លាម គេ​បា​នរក​ការងារ​ធ្វើ​នៅ​ខេត្តសៀមរាប ដោយ​ធ្វើជា​អ្នកបម្រើ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​មិនបាន​ប៉ុន្មាន ប៊ុនធឿន ក៏​ឈប់​ធ្វើជា​អ្នកបម្រើ​នៅក្នុង​ភោជនីយដ្ឋាន​នោះ​ទៀត ហើយ​នៅ​ដើមឆ្នាំ​២០១២ ក៏​ត្រឡប់មក​នៅ និង រក​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ម្តង​។​

​ក្នុងការ​មករក​ការងារ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប៊ុន ធឿន មិនអាច​រក​ការងារ​បានធ្វើ​ឡើយ នៅ​ល្ងាច​ថ្ងៃមួយ​ដោយមាន​ការ​អស់សង្ឃឹម​ក្នុង​ជីវិត​ខ្លាំងពេក ប៊ុនធឿន ក៏បាន​ធ្វើដំណើរ​ទៅ​លម្ហែកាយ​នៅតាម​សួនច្បារ​នា​មាត់ទន្លេ ខាងមុខ​វត្ត​ឧណ្ណាលោម​នៅពេល​កំពុងតែ​អង្គុយ​គយគន់​ទេសភាព​តាម​មាត់ទន្លេ​បាន​បន្តិច​មាន​បុរស​ខ្ទើយ​ម្នាក់​បានមក​អង្គុយ​ក្បែរ​ហើយ​និយាយ​លេង​ជាមួយ​គេ ។ ពេល​អង្គុយ​និយាយ​គ្នា​លេង​បាន​មួយសន្ទុះ​ជាមួយ ប៊ុន ធឿន បុរស​ខ្ទើយ​នោះ​ក៏បាន​សុំ​លេខ​ទូរស័ព្ទ​ពី​រូបគេ​ហើយក៏​សុំ​លា​ទៅមុន ។​

​នៅក្នុង​ថ្ងៃ​ដដែល​នោះ នៅវេលា​ម៉ោង​ប្រហែលជា ១០ យប់ បុរស​ខ្ទើយ​ម្នាក់​នោះ​ក៏បាន​ទូរស័ព្ទ​មករក​គេ មុនដំបូង​គេ​បាន​និយាយ​លេង​ធម្មតា ប៉ុន្តែ​នៅពេល​និយាយ​ដឹងចិត្ត​គ្នា​បាន​បន្តិច បុរស​ខ្ទើយ​ម្នាក់​នោះ​ក៏បាន​សួរ​នាំមក​រូបគេ​ថា រាល់ថ្ងៃ​ធ្វើការ​ងារ​អ្វី ? ហើយ​រស់​នៅឯណា ? ដោយ​មិន​បង្អង់​យូរ ប៊ុន ធឿន ក៏បាន​ឆ្លើយតប​ទៅវិញ្ញ​ភ្លាមៗ ថា បច្ចុប្បន្ននេះ​គេ​ស្នាក់នៅ​ក្នុង​វត្ត​មួយ ហើយ​មិនមាន​ការងារ​ធ្វើ​នោះទេ គឺ​កំពុងតែ​ដើររក​ការងារ​ធ្វើ រាល់ ថ្ងៃនេះ​ស្ទើរតែ​ដាច់បាយ​មួយពេលៗ​ទៅហើយ ព្រោះ​មិនមាន​ប្រាក់​ទិញ​បាយ​ហូប​នោះទេ ។​

​គ្រាន់តែ​ឮ​សម្តី​គេ​និយាយ​ដូច្នេះ បុរស​ខ្ទើយ​ម្នាក់​នោះ​ក៏​ឆ្លើយតប​មក​គេ​វិញ្ញ​យ៉ាង​លឿន ថា “​បើ​ចង់បាន​ប្រាក់​ស្រួល គឺ​រកស៊ី​លក់ខ្លួន​ទៅ ព្រោះ​រូប​សង្ហា​ប៉ុណ្ណឹង​ដែរ ប្រាកដ​ជាមាន​គេ​ចាប់អារម្មណ៍​ច្រើន ទុកឱ្យ​គេ​ជា​អ្នករក​ម៉ូយ​ឱ្យ​” ។​ពេលឮ​បុរស​ខ្ទើយ​និយាយ ដូច្នេះ ប៊ុនធឿន និយាយថា រូបគេ​បាន​សើច​ហើយ​បាន​ឆ្លើយតប​បែប​លេងសើច​ទៅវិញ្ញ​ថា “​បើ​មាន​នារី ណា​ម្នាក់​ត្រូវការ​សេវា​បែបនេះ​មែន គឺ​ចង់​សាកល្បង​មើល៍​ដែរ​ក្រែងលោ​បាន​ប្រាក់​ខ្លះ​យកមក​ទិញ​បាយ​ហូប​”​។​

​និយាយ​គ្នា​ពី​យប់ លុះ​ព្រឹក​ឡើង​នៅ វេលា​ម៉ោង​ប្រហែល ៩ និង ៣០ នាទី បុរស​ខ្ទើយ​នោះ​ក៏បាន​ទូរស័ព្ទ​មក​ម្តងទៀត​និយាយ​ប្រាប់ថា ឥឡូវនេះ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​គេ​ត្រូវការ​សេវា​នេះ ដោយ​រួមដំណេក​ជាមួយ​គេ​ម្តង​គេ​ឲ្យ​តម្លៃ​ខ្លួន ៣០ ដុល្លារ ។ នោះ​ជា​លើកទីមួយ​ហើយ​ដែល​គេ​ប្រកប​របរ​រកស៊ី​លក់ខ្លួន ។ ប៊ុនធឿន និយាយថា ស្ត្រី​ដែល​ហៅ​គេ​ទៅ​ដេក​នោះ​គឺជា​ស្ត្រី មេម៉ាយ ជា​ពាណិជ្ជករ នៅក្នុង​ទីក្រុង ភ្នំពេញ មាន​អាយុ​ជាង ៤០ ឆ្នាំ ។ ចាប់តាំងពី​ពេលនោះ​មក​គេ​តែងតែ​ប្រកប​របរ​រកស៊ី​លក់ខ្លួន​នេះ​រហូត ហើយ​មាន​ម៉ូយ​ហៅ​ទៅជា​បន្តបន្ទាប់ ។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ ប៊ុន ធឿន និយាយថា គេ​មាន​ម៉ូយ​ជាច្រើន ហើយ​ស្ត្រី​ដែល​ដេក​ជាមួយ គេ​នោះ​ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ​ដែល​ចូលចិត្ត​ការសប្បាយ មួយចំនួនទៀត​ជា​ស្ត្រី​ក្មេង​ដែល​តាៗ​ចិញ្ចឹម​លួចលាក់ ហើយ ប៊ុនធឿន ក៏​ធ្លាប់​ដេក​ជាមួយ ប្រពន្ធ​របស់គេ​ដែរ ដោយ ប៊ុនធឿន និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ ស្ត្រី​ទាំងនោះ​រក​សេវា​ខាងក្រៅ​ដូច្នេះ ដោយសារតែ​ប្តី​ដើរ​ផឹកស៊ី​មាន​ស្រី​ញ្ញី​ខាងក្រៅ ភ្លេច​ប្រពន្ធ​កូន​ទើប​ធ្វើ ឲ្យ​ពួកគាត់​រក​សេវា​សប្បាយ​ខាងក្រៅ​ដូច្នេះ ។​

​ស្ត្រី​ដែល​រូបគេ​ដេក​ជាមួយ នោះ​ភាគច្រើន​ជា​អ្នករកស៊ី​ដែលមាន ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​គេ​មិនដែល​ទាមទារ​តម្លៃ​ខ្លួន​មុន​នោះទេ បន្ទាប់ពី​ដេក​ហើយ​ភ្ញៀវ​ឲ្យ​ប៉ុន្មាន​ក៏​ឲ្យ​ទៅ ប៉ុន្តែ​ក្នុងការ​ដេក​ជាមួយ​ភ្ញៀវ​ម្តង​យ៉ាងហោចណាស់​ក៏​គេ​ឲ្យ​ចំនួន ២០ ដុល្លារ​ដែរ មាន​អ្នកខ្លះ​ដៃ​ទូលាយ គេ​ហ៊ាន​ឲ្យ​ពី ៥០ ដុល្លារ ទៅ ១០០ ដុល្លារ​ក៏មានដែរ ។ ដោយ​ក្នុង​មួយ ថ្ងៃ​យ៉ាងហោចណាស់​ក៏​គេ​ដេក​ជាមួយ​ភ្ញៀវ​ស្ត្រី​ចំនួន​ពីរ​នាក់​ដែរ មាន​ថ្ងៃ​ខ្លះ​ដេក​ជាមួយ​ភ្ញៀវ​រហូតដល់​ទៅ បីនាក់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​មាន​ថ្ងៃ​ខ្លះ​ក៏​មិនមាន​ដែរ ។ ប៊ុនធឿន និយាយ ថា រាល់ថ្ងៃនេះ​គេ​រកប្រាក់​ពី​ការប្រកប​របរ​លក់ខ្លួន​នេះ​បាន​ច្រើន​គួរសម ប៉ុន្តែ​ប្រាក់​ទាំងអស់នោះ​មិន​សល់​នោះទេ គឺ​យកទៅ​ផឹកស៊ី​ដើម្បី​ប៉ូវ​សុខភាព​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *